តើការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) គឺជាអ្វី?

ការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) គឺជាការប្រើប្រាស់ចរន្តអគ្គិសនីតិចៗ ដើម្បីផ្លាស់ប្តូរសកម្មភាពអគ្គិសនីរបស់ខួរក្បាល។

ការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)ត្រូវបានផ្តល់ឱ្យមនុស្សម្នាក់តែនៅពេលដែល៖

  • ពួកគេត្រូវបានផ្តល់ថ្នាំដើម្បីដាក់ពួកគេឱ្យគេងលក់យ៉ាងស្កប់ស្កល់ ដែលហៅថា ថ្នាំសន្លប់ និង
  • ពួកគេត្រូវបានផ្តល់ថ្នាំដើម្បីសម្រាកសាច់ដុំរបស់គេ ដែលហៅថាថ្នាំឱ្យសាច់ដុំសម្រាក។ 

ហេតុអ្វីខ្ញុំនឹងមានសវនាការសាលាក្តីអំពី ECT?

Mental Health Tribunal សម្រេចថាតើអ្នកជំងឺត្រូវការការព្យាបាលជំងឺវិកលចរិកដែលខានមិនបាន (ECT) ឬក៏អត់។ ប្រសិនបើគ្រូពេទ្យផ្នែកវិកលចរិករបស់អ្នកចង់ផ្តល់ ECT ឱ្យអ្នក ប៉ុន្តែអ្នកមិនអាចផ្តល់ការយល់ព្រមបន្ទាប់ពីបានជ្រាប ព័ត៌មានច្បាស់លាស់បានទេ ពួកគេត្រូវតែដាក់ពាក្យសុំទៅ Mental Health Tribunal ដើម្បីសុំការអនុញ្ញាត។
យើងគឺសាលាក្តីឯករាជ្យ ហើយផ្តល់ជូនអ្នកនូវសវនាការយុត្តិធម៌។

តើមានអ្វីកើតឡើងនៅក្នុងសវនាការសាលាក្តី?

សវនាការសាលាក្តីអំពី ECT គឺជាកិច្ចប្រជុំមួយដែលយើងសម្រេច ថាតើអ្នកត្រូវតែមាន ECT ឬក៏អត់។
១.     សមាជិកសាលាក្តី៣រូប អានរបាយការណ៍មួយពីក្រុមការងារព្យាបាលរបស់អ្នក និងព័ត៌មានណាមួយដែលអ្នកផ្តល់ឱ្យ។
២.     យើងធ្វើការពិភាក្សាជាមួយអ្នក និងក្រុមការងារព្យាបាលរបស់អ្នក។ យើងសួរអ្នកអំពីទស្សនៈ និងចំណង់ចំណូលចិត្តរបស់អ្នក។
៣.    យើងសម្រេចថាតើអ្នកត្រូវការ ECT ឬក៏អត់។
៤.    យើងប្រាប់អ្នកអំពីការសម្រេចចិត្តរបស់យើង។ 

សវនាការត្រូវការពេលប្រហែលមួយម៉ោង ដែលធ្វើឡើងជាឯកជន និងសម្ងាត់។ 
    
សមាជិកសាលាក្តី៣រូបនៅសវនាការគឺ៖

  • សមាជិកផ្នែកច្បាប់មួយរូប
  • គ្រូពេទ្យផ្នែកវិកលចរិក ឬសមាជិកពេទ្យមួយរូប
  • សមាជិកសហគមន៍មួយរូប។  

តើសាលាក្តីនឹងសម្រេចថាតើខ្ញុំត្រូវការ ECT ដោយបែបយ៉ាងណា?

យើងសម្រេចចិត្តថាតើត្រូវចេញដីកាដែលផ្តល់សិទ្ធិក្នុងការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) ឬអត់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៅក្នុង ច្បាប់សុខភាពផ្លូវចិត្ត និងសុខុមាលភាពឆ្នាំ 2022 (Mental Health and Wellbeing Act 2022)


ប្រសិនបើអ្នកជាអ្នកជំងឺជាកំហិតមានអាយុលើសពី 18 ឆ្នាំ យើងអាចអនុញ្ញាតឱ្យការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) តែប៉ុណ្ណោះប្រសិនបើ៖

  • អ្នកមិនមានសមត្ថភាពក្នុងការផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់
  • មិនមានវិធីងាយស្រួលជាងសម្រាប់អ្នកក្នុងការព្យាបាលទេ។


ប្រសិនបើអ្នកជាអ្នកជំងឺស្ម័គ្រចិត្តដែលមានអាយុលើសពី 18 ឆ្នាំ យើងអាចអនុញ្ញាតិឱ្យការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) តែប៉ុណ្ណោះប្រសិនបើ៖

  • អ្នកមិនមានសមត្ថភាពក្នុងការផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់
  • មិនមានវិធីងាយស្រួលជាងសម្រាប់អ្នកក្នុងការព្យាបាលទេ ហើយ
  • អ្នកមាន សេចក្តីបង្គាប់ណែនាំ (instructional directive) ក្នុងការផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់ចំពោះ ការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)ឬ បុគ្កលធ្វើការសម្រេចចិត្តលើការព្យបាលវេជ្ជសាស្ត្រ (medical treatment decision maker)របស់អ្នកផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់ ជាលាយលក្ខណ៍អក្សរ ចំពោះការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)។


ប្រសិនបើអ្នកជាអ្នកជំងឺជាកំហិតដែលមានអាយុក្រោម 18 ឆ្នាំ យើងអាចអនុញ្ញាតឱ្យការព្យាបាលដោយចរន្តអគ្គិសនី (ECT) តែប៉ុណ្ណោះប្រសិនបើ៖

  • អ្នកបានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ដែលបានជ្រាបព័ត៌មានសព្វគ្រប់ ឬ
  • អ្នកមិនមានសមត្ថភាពក្នុងការផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់
  • មិនមានវិធីងាយស្រួលជាងសម្រាប់អ្នកក្នុងការព្យាបាលទេ។


ប្រសិនបើអ្នកជាអ្នកជំងឺស្ម័គ្រចិត្តដែលមានអាយុក្រោម 18 ឆ្នាំ យើងអាចអនុញ្ញាតឱ្យការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT) តែប៉ុណ្ណោះប្រសិនបើ៖

  • អ្នកបានផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ដែលបានជ្រាបព័ត៌មានសព្វគ្រប់ ឬ
  • អ្នកមិនមានសមត្ថភាពក្នុងការផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ ដែលបានជ្រាបព័ត៌មានសព្វគ្រប់ទេ ប៉ុន្តែបុគ្គលសម្រេចវិធីព្យាបាលវេជ្ជសាស្រ្តរបស់អ្នកបានផ្តល់ការយល់ព្រម ដែលបានជ្រាបព័ត៌មានសព្វគ្រប់ ជាលាយលក្ខណ៍អក្សរ និង
  • អ្នកមិនអាចផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់បានទេ ប៉ុន្តែបុគ្គលដែលមានសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការយល់ព្រម បានផ្តល់ការយល់ព្រមដែលបានជ្រាបព័ត៌មានសព្វគ្រប់ ជាលាយលក្ខណ៍អក្សរ

តើសាលាក្តីនឹងសម្រេចចិត្តដោយត្រឹមត្រូវអំពីអ្វីខ្លះ?

ប្រសិនបើបានបំពេញតាមលក្ខណៈវិនិច្ឆ័យ សាលាក្តីនឹងចេញការបង្គាប់បញ្ជាមួយដែលអ្នកត្រូវតែមាន ECT ហើយនឹងសម្រេចចិត្តលើ៖

  • រយៈពេលដែលបង្គាប់បញ្ជានោះនឹងមាន (រហូតដល់ទៅ៦ខែ) និង
  • ចំនួននៃការព្យាបាលដែលសាលាក្តីបានអនុម័ត (ការព្យាបាលមានរហូតដល់ទៅ១២)។

ប្រសិនបើមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យទេ

សាលាក្តីនឹងបដិសេធពាក្យសុំរបស់គ្រូពេទ្យផ្នែកវិកលចរិករបស់អ្នក ដែលផ្តល់ឱ្យអ្នកនូវ ECT។

ហេតុអ្វីបានជាខ្ញុំត្រូវទៅចូលរួមសវនាការ?

វាសំខាន់ណាស់ដែលអ្នកត្រូវអញ្ជើញទៅសវនាការរបស់អ្នក ដើម្បីប្រាប់យើងពីអ្វីដែលអ្នកគិតអំពីការទទួលបាន ECT។  ប្រសិនបើអ្នកមិនទៅទេ យើងនឹងត្រូវតែធ្វើការសម្រេចចិត្តដោយគ្មានវត្តមានរបស់អ្នកនៅទីនោះ។

របៀបត្រៀមខ្លួនសម្រាប់សវនាការរបស់អ្នក

អ្នកអាចធ្វើកិច្ចការទាំងនេះដើម្បីរៀបចំ៖ 

  • រកនរណាម្នាក់ដើម្បីជួយអ្នកក្នុងការរៀបចំ
  • អានរបាយការណ៍ស្តីអំពីរូបអ្នក របស់ក្រុមពេទ្យព្យាបាលរបស់អ្នក។
  • រៀបចំគំរោងពីអ្វីដែលអ្នកនឹងនិយាយ
  • ពិភាក្សាជាមួយក្រុមពេទ្យព្យាបាលរបស់អ្នក ឬសាលាក្តីអំពីរបៀបចូលរួម
  • តំណភ្ជាប់ដើម្បីចូលរួមសវនាការតាមអ៊ីនអនឡាញនឹងមានជូននៅ3 ថ្ងៃ មុនសវនាការចាប់ផ្តើម។
  • ទាក់ទងសាលាក្តី ប្រសិនបើអ្នកចង់ឱ្យយើងផ្ញើអ៊ីមែលទៅអ្នកនូវតំណភ្ជាប់ដើម្បីចូលរួមសវនាការតាម
    អនឡាញ
  • សូមដាក់ជូនទៅសាលាក្តីរួមទាំងសេចក្តីថ្លែងការណ៍ទុកជាមុន (advance statement of preferences) អំពីអ្វីដែលអ្នកចង់បាន (ប្រសិនបើអ្នកចង់បានអ្វីមួយ)។

ក្រុមពេទ្យព្យាបាលរបស់អ្នកនឹងសរសេររបាយការណ៍អំពីមូលហេតុដែលពួកគេគិតថាអ្នកត្រូវការ ការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)។ អ្នកគួរតែត្រូវបានផ្តល់ច្បាប់ចម្លងនៃរបាយការណ៍នេះយ៉ាងហោចណាស់ 2 ថ្ងៃ មុនពេលសវនាការរបស់អ្នកចាប់ផ្តើម។

សុំច្បាប់ចម្លងនៃរបាយការណ៍នេះពីក្រុមពេទ្យព្យាបាលរបស់អ្នក ប្រសិនបើអ្នកមិនទាន់បានទទួល។

អ្នកអាចរៀបចំគំរោងនូវអ្វីដែលអ្នកចង់និយាយនៅក្នុងសវនាការរបស់អ្នក ឬសរសេរដើម្បីដាក់ជូនទៅកាន់សាលាក្តីដោយសរសេរ៖

អ្នកអាចរៀបចំគំរោងនូវអ្វីដែលអ្នកចង់និយាយនៅក្នុងសវនាការរបស់អ្នកដោយសរសេរ៖ 

  • អ្វីដែលអ្នកយល់ដឹងអំពីការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)
  • ថាតើអ្នកចង់បាន ការព្យាបាលដោយប្រើចរន្តអគ្គិសនី (ECT)ឬអត់ និងហេតុអ្វី
  • ការព្យាបាលផ្សេងទៀតដែលអ្នកចង់បាន ហើយហេតុអ្វី
  • អ្វីក៏ដោយនៅក្នុងរបាយការណ៍ដែលអ្នកគិតថាខុស។

ទទួលបានជំនួយ

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីទាក់ទងមកយើង

Mental Health Tribunal
1800 242 703
mht@mht.vic.gov.au
www.mht.vic.gov.au

សម្រាប់អ្នកបកប្រែភាសា
  
សូមទូរស័ព្ទមកយើងជាមួយអ្នកបកប្រែភាសាតាមរយៈ Translating and Interpreting Service (TIS National)
លេខ 131 450

ប្រសិនបើអ្នកចង់បានអ្នកបកប្រែភាសាម្នាក់នៅសវនាការរបស់អ្នក សូមប្រាប់សេវាកម្មសុខភាពរបស់អ្នក។ យើងនឹងបង់ថ្លៃចំណាយសម្រាប់ដំណើរការនោះ។

សម្រាប់មេធាវី 

Mental Health Legal Rights Service Helpline
1800 849 806

Victorian Aboriginal Legal Service
(03) 9418 5920

សម្រាប់ជំនួយនិយាយជាមួយក្រុមការងារព្យាបាលរបស់អ្នក

Independent Mental Health Advocacy 
1300 947 820
contact@imha.vic.gov.au

សម្រាប់មតិទីពីរពីគ្រូពេទ្យផ្នែកវិកលចរិតផ្សេងទៀត

Psychiatric Second Opinion Service
1300 503 426
intake@secondopinion.org.au